ដោយៈ vuthdevelop
ថ្ងៃ សុក្រ ទី ១ ខែ មករា ឆ្នាំ ២០១០
តើយើងត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីយកទឹកជ្រោះដែលហូរធ្លាក់មកពីលើកំពូលភ្នំ មកប្រើប្រាស់នៅតាមលំនៅដ្ឋានរបស់យើង បើសិនជាយើងរស់នៅក្បែរកំពូលភ្នំនោះ?
វាជារឿងយ៉ាងងាយស្រួលបំផុត បើសិនជាយើងអាចតបំពង់ឬស្សីឬទុយយោទឹក (pipe) ដើម្បីត្រងយកទឹកពីតំបន់ដែលមានទឹកជ្រោះហូរធ្លាក់នោះ មកដល់ភូមិរបស់យើង។ ហើយបើសិនជាទឹកជ្រោះនោះហូរធ្លាក់ជាប្រចាំខួបប្រាំងខួបវស្សា យើងក៏អាចប្រើទឹកបានខួបប្រាំងខួបវស្សាបានដែរ។ ជាក់ស្តែង ប្រជាពលរដ្ឋឃុំ ចំបក់ ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ បានតទុយយោទឹកដើម្បីត្រងយកទឹកធ្លាក់ពីជ្រោះនៅតំបន់ភ្នំគិរីរម្យ មកដល់ស្រុកភូមិរបស់ពូកគេ។ ប្រការនេះបានធ្វើឲ្យពួកគេមានទឹកប្រើប្រាស់ខួបប្រាំងខួបវស្សា ព្រោះទឹកជ្រោះនោះហូរធ្លាក់ខួបប្រាំងខួបវស្សាដែរ។
វាជាការពិតណាស់ដែលថា ការប្រើប្រាស់ទុយយោ ឬក៏បំពង់ទីប ទាមទារឲ្យយើងចំណាយប្រាក់ជាច្រើន ដោយហេតុថារបស់ទាំងនោះមានតម្លៃខ្ពស់នៅលើទីផ្សារ។ តែបើសិនជាមានជំនួយពីខាងក្រៅ ដូចជាបា្រក់វិភាជន៍សម្រាប់ការអភិវឌ្ឍបានមកពីរាជរដ្ឋាភិបាល រួមផ្សំនឹងជំនួយពីអង្គការក្រៅរដ្ឋាភិបាលនានា យើងនឹងអាចមានសមត្ថភាពកសាងប្រព័ន្ធ “ទឹកម៉ាស៊ីនធម្មជាតិ” នេះបានដោយគ្មានបញ្ហាអ្វីឡើយ។ ក្នុងករណីប្រជាពលរដ្ឋនៅឃុំ ចំបក់ ពួកគេអាចកសាងប្រព័ន្ធនេះបាន ដោយសារមានការជួយឧបត្ថម្ភពីអង្គការ UNDP និងអង្កការ ម្លប់បៃតង ។
ពាក្យចាស់លោកថា “ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ” ដូចនេះបើសិនជាប្រជាពលរដ្ឋមានទឹកប្រើប្រាស់ ប្រជាពលរដ្ឋនឹងអាចដាំដំណាបានគ្រប់មុខទាំងអស់នៅជុំវិញផ្ទះរបស់ពួកគេ។ ចំណូលប្រចាំគ្រួសារនឹងកើនឡើងជារៀងរាល់ឆ្នាំ ហើយជីវភាពរបស់ប្រជាពលរដ្ឋនឹងធូធារជាងមុន។ ម៉្យាងទៀត បើសិនជាប្រជាពលរដ្ឋដែលរស់នៅតំបន់ភ្នំទាំងអស់ នៅក្នុងរាជាណាចក្រកម្ពុជា អាចមានលទ្ធភាពធ្វើតាមគម្រូរបស់ប្រជាពលរដ្ឋឃុំ ចំបក់ ពួកគេនឹងលែងមានបញ្ហាទឹកប្រើប្រាស់ ហើយព្រមទាំងអាចដាំដំណាំបានគ្រប់រដូវ ដូចជាប្រជាពលរដ្ឋនៅឃុំ ចំបក់ ដែរ។
ខាងក្រោមនេះ គឺជាបទយកការណ៍ដោយរូបភាពស្តីពីការកសាងប្រព័ន្ធ “ទឹកម៉ាស៊ីនធម្មជាតិ” នៅឃុំ ចំបក់ ៖
0 មតិយោបល់:
Post a Comment